សៀវភៅភាពជាអ្នកមានកំពូល គឺជាសៀវភៅដែលបានធ្វើការឆ្លុះបញ្ចាំងពីជីវិត ពីគំនិត ពីសកម្មភាព ពីការចាប់ផ្តើម ពីភាពជាអ្នកដឹកនាំ និងពីរូបភាពខ្លឹមសារសំខាន់ៗរបស់កំពូលអ្នកមានទាំង៣០រូបលើលោក ថាតើពួកគេធ្វើយ៉ាងម៉េច បានក្លាយជាអ្នកមានកំពូលលើលោក នៅក្នុងបរិបទនៃការប្រឈម និងពោរពេញទៅដោយការប្រកួតប្រជែងនេះ?
សៀវភៅនេះ គឺមានមហិច្ឆតាជាសៀវភៅចម្លើយ ដើម្បីក្លាយជាអ្នកមាន ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចក្លាយជាអ្នកមាន ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមានសមត្ថភាពបង្កើតប្រាក់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរស់ខ្ពស់ហួសពីប្រាក់ និងដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរស់ក្នុងវិចារណញាណភាពជាមនុស្សពិតប្រាកដ។
សៀវភៅនេះ ក៏ទទួលបានការពិនិត្យកែលម្អ និងវាយតម្លៃខ្ពស់ពីអ្នកដឹកនាំនៅកម្ពុជាយើងថា វាពិតជាល្អសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់គ្រួសារ ហើយពួកគាត់ក៏បានចូលរួមសរសេរជាសារគាំទ្ររហូតដល់៣៣រូប ដែលក្នុងនោះមានទាំង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារីផងដែរ។
ប្រភព៖ Chan Rotha Hor
"សៀវភៅគំនិតដ៏អស្ចារ្យ ដើម្បីក្លាយជាអ្នកមានពិតប្រាកដ។ អ្នកដែលចេះជ្រើសរើសយកគំនិតកំពូលអ្នកមានទាំង៣០រូបនេះទៅអនុវត្ត បើមិនអាចក្លាយជាអ្នកមានកំពូលលំដាប់ពិភពលោកទេ ក៏អាចក្លាយជាអ្នកមានកំពូលលំដាប់ប្រទេសដែរ។ សៀវភៅនេះ គឺពិតជាមានគុណប្រយោជន៍ណាស់សម្រាប់កម្ពុជា ទាំងអ្នកមាន និងអ្នកក្រ។" - ឧកញ៉ា ចេង ខេង ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន CPL គ្រុប
"ខ្ញុំបានអានសៀវភៅជាច្រើន រួមទំាងសៀវភៅស្រាវជ្រាវ ភាពជាអ្នកមានកំពូល ដែលកំពុងស្ថិតនៅក្នុងដៃលោកអ្នក។ ខ្ញុំសូមកោតសរសើរចំពោះស្នាដៃ ដែលបានរៀបរៀង និងចងក្រងឡើង។ ពេលអានចប់នូវស្នាដៃនេះ ប្រៀបបានដូចជាមានកូនសោមួយ ដើម្បីបើកទ្វារឈានទៅរកភាពជោគជ័យ និងជាបុគ្គលឆ្នើមក្នុងសង្គម។" - លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដាភីអិលស៊ី
លោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំនៅមជ្ឈមណ្ឌលរដ្ឋាលីតឌិញ។ លោកបានចំណាយរយៈពេល ៨ឆ្នាំនៅក្នុងការស្រាវជ្រាវនិងបានចងក្រងជាសៀវភៅ «ភាពជាអ្នកមានកំពូល» ក្នុងគោលបំណងសាបព្រោះនូវគោលគំនិតភាពជាអ្នកមានកំពូលលំដាប់ពិភពលោករបស់បុគ្គលជោគជ័យនិងល្បីល្បាញដែលមានស្នាដៃលេចធ្លោក្នុងសាកលលោកមកដល់កម្ពុជាក៏ដូចជាកូនខ្មែរជំនាន់ក្រោយ។